ព្រឹត្តិការណ៍ព័ត៌មាន

ពានរង្វាន់មិត្តហ្វូនខេមបូឌានលីករដូវកាល ២០១៧ ត្រូវបានគ្រប់គ្រងដោយក្រុមបឹងកេត

06 Jan, 2018

ភ្នំពេញ៖ ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅទីលានតារាងបាល់ស្តាតអូឡាំពិចការប្រកួតបាល់ទាត់រវាងក្រុមបឹងកេត និងក្រុមក្រសួងការពារជាតិបានប្រយុទ្ធគ្នាយ៉ាងក្តៅគគុក រហូតបន្តជាង៣ម៉ោងទើបអាចរកលទ្ធផលក្រុមដែលឈ្នះឃើញ ដោយបាល់ប៉េណាំងទីលទ្ធផល ១០-៩ បន្ទាប់​ពី​ស្មើ​គ្នា ១-១​ ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​។ 

ជាមួយក្រសែភ្នែកទស្សនិកជនរាប់ពាន់នាក់ ការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់មិត្តហ្វូនខេមបូឌានលីកក៏បានដល់ទីបញ្ចប់ដោយក្រុមបឹងកេតបានលើកពានលីកកំពូលដ៏អស្ចារ្យអមជាមួយនឹងម៉ូដរចនាបទបែបខ្មែរដ៏ស្រស់ស្អាតនេះ។ នៅទីលានការប្រកួតសម្លេងហ៊ោកញ្ជ្រៀវ អមជាមួយនឹងទង់ក្លឹបបក់គ្រវីចុះគ្រវីឡើង រួមជាមួយនឹងភ្លើងស្ព្រៃ បានញ៉ាំងឲ្យកម្មវិធីទាំងមូលកាន់តែអធឹកអធម។
លោកញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានថ្លែងថា៖ មិត្តហ្វូនសូមចូលរូមអបអរសាទរចំពោះក្រុមបឹងកេតដែលបានក្លាយជាជើងឯកក្នុងការកាន់ពានមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧នេះ។ ពួកគេបានប្រឹងប្រែងនិងខិតខំអស់ពីកម្លាំងកាយនិងចិត្ត ជាមួយនឹងដៃគូប្រកួតដែលសុទ្ធតែខ្លាំងៗដើម្បីទទួលបានលទ្ធផលដ៏គួរឲ្យរំភើបនេះ។ ហើយចំពោះក្រុមដ៏ទៃៗទៀត សូមបន្តប្រឹងប្រែងបន្តទៀតសម្រាប់ពានរង្វាន់លីកនារដូវកាលក្រោយៗទៀត។
លោកបានបន្តទៀតថា៖ នៅមិត្តហ្វូនយើងមានមោទនភាពដែលបានគាំទ្រលីកកំពូលកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីឲ្យវិស័យកីឡាបាល់ទាត់របស់កម្ពុជាយើងកាន់តែរីកចម្រើនទៅមុខទៀតនៅលើឆាកអន្តរជាតិ។

កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ខេមបូឌានលីកដំណើរការទៅបានដោយមានការចូលរួមឧបត្ថម្ភធំពីក្រុមហ៊ុន​មិត្តហ្វូន តាំងពីឆ្នាំ២០០៩ ហើយកម្មវិធីទាំងមូលត្រូវបាន់ចម្រាញ់និងប្រកួតជម្រុះជើងខ្លាំងជារៀងរាល់ខែសម្រាប់រយៈពេលពេញ១ឆ្នាំហើយជើងខ្លាំង២ក្រុមនឹងត្រូវប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រដើម្បីលើកពានរង្វាន់មិត្តហ្វូនខេមបូឌានលីកនេះ។

កម្មវិធីបិទការប្រកួតពានរង្វាន់ខេមបូឌានលីករដូវកាល២០១៧ បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកាលពីចុងសប្តាហ៍កន្លងទៅនេះ។ នៅក្នុងការលក់សំបុត្រចូលទស្សនានេះ ក្រុមហ៊ុនមិត្តហ្វូនក៏បានសហការជាមួយគណកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជាក្នុងការដកថវិកាចំនួន៥០០៛ក្នុង១សំបុត្រពីការលក់បានដើម្បីឧបត្ថម្ភទៅដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕