ក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័តធំជាងគេនៅកម្ពុជា មិត្តហ្វូន (Metfone) ទើបតែបានដំឡើងបង្គោល
អង់តែនទូរស័ព្ទរបស់ខ្លួននៅក្នុងតំបន់អារ៉ែង ដែលស្ថិតនៅចម្ងាយប្រហែល ៨០គីឡូម៉ែត្រពីទីប្រជុំជនធំរបស់ខេត្តកោះកុង។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បង្គោលអង់តែនទូរស័ព្ទកាលពីថ្ងៃទី២៤ ខែមករា ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ មានប្រសាសន៍ថា មិត្តហ្វូន គឺជាក្រុមហ៊ុនមុនដំបូងគេ ដែលស្ម័គ្រចិត្តចូលមកតំបន់អារ៉ែងមុនគេ ខណៈដែលក្រុមហ៊ុនផ្សេងទៀតមិនចង់មក ព្រោះតែតំបន់នេះដាច់ស្រយាលពេក។
ឯកឧត្ដមរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា មិត្តហ្វូនបានបើកអាជីវកម្មនៅក្នុងប្រទេសកម្ពុជាជិតដប់ឆ្នាំហើយ ហើយក្រុមហ៊ុនបានរួមចំណែកដល់ការអភិវឌ្ឍយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា ជាពិសេស ការផ្ដល់សេវាទូរគមនាគមន៍ដល់ប្រជាជន មិនថាទីប្រជុំជន ឬទីជនបទដាច់ស្រយាលឡើយ តួយ៉ាងដូចជា តំបន់អារ៉ែង នេះផ្ទាល់។
ឥឡូវនេះ បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់អង់តែនសេវារបស់មិត្តហ្វូន ប្រជាជននៅក្នុងសហគមន៍អារ៉ែង និងនៅក្នុងឃុំទាំងបី នៃស្រុកថ្មបាំង អាចប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ិនធឺណិត បានដូចប្រជាជនដទៃទៀត នៅទូទាំងប្រទេសដែរ។
អ្នកស្រី មៀច ពេញ ពលរដ្ឋរស់នៅក្នុងសហគមន៍អារ៉ែង បាននិយាយថា អ្នកស្រីសប្បាយចិត្តដែលបានក្រុមហ៊ុន មិត្តហ្វូន មកដំឡើងប្រព័ន្ធផ្ដល់សេវាទូរស័ព្ទនៅតំបន់ដាច់ស្រយាលមួយនេះ។
អ្នកស្រី មៀច ពេញ និយាយថា «កាលពីមុន ពេលត្រូវការប្រើទូរស័ព្ទ គឺត្រូវធ្វើដំណើរដប់ម្ភៃគីឡូពីទីនេះ ទៅរកកន្លែងមានសេវា។ ការទំនាក់ទំនងគ្នា ពិតជាពិបាកខ្លាំងណាស់។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំរីករាយដែលខាងមិត្តហ្វូន គេមកដំឡើងអង់តែន នៅទីនេះ ដែលធ្វើឲ្យខ្ញុំអាចស្គាល់ពិភពលោកកាន់តែច្បាស់ថែមទៀត»។
អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន លោក ញ៉ុង ឌិនថន មានប្រសាសន៍ថា ជានិច្ចកាល ក្រុមហ៊ុនតែងតែប្ដេជ្ញាចិត្តពង្រីកសេវាទៅកាន់គ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជា ទោះទៅដល់ទីដាច់ស្រយាលចុងកាត់មាត់ញកណាក៏ដោយ។
លោក ញ៉ុង ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះ «ទោះក្នុងកាលៈទេសៈណាក៏ដោយ មិត្តហ្វូន តែងតែខិតខំនាំយកសេវារបស់ខ្លួន ទៅជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា ទោះពួកគេនៅដល់តំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយ។»
«ក្រុមហ៊ុន មិត្តហ្វូន ជានិច្ចកាល ប្ដេជ្ញានាំមកនូវការអភិវឌ្ឍដល់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេស
សេវាទូរស័ព្ទចល័ត ដោយប្រើបច្ចេកវិទ្យាមានគុណភាពខ្ពស់បំផុតនិងទំនើបបំផុត ដែលគ្របដណ្ដប់
ទូទាំងប្រទេស»។
ជាមួយនឹងសេវាទូរគមនាគមន៍របស់មិត្តហ្វូន មកដល់ទីនេះ គេរំពឹងថា ដំណើរអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ដ៏ល្អមួយនេះ នឹងកាន់តែមានភាពងាយស្រួល និងទៅមុខបានកាន់តែលឿនរហ័ស។
ក្រុមហ៊ុន មិត្តហ្វូន បានចូលក្នុងទីផ្សារទូរស័ព្ទចល័តនៅកម្ពុជា តាំងពីឆ្នាំ២០០៩ មកម្ល៉េះ ហើយបច្ចុប្បន្ន បានក្លាយជាក្រុមហ៊ុនឈានមុខគេ ដែលមានសេវាគ្របដណ្តប់ ៩៧% នៃចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា៕