ក្រុមហ៊ុនមិត្ដហ្វូនមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងរយៈពេលវែងឆ្ងាយ ដែលមិត្ដហ្វូនជឿជាក់ថា ការឧបត្ថម្ភគាំទ្ររបស់ខ្លួននេះនឹងជំរុញវិស័យអប់រំកម្ពុជាឲ្យឈានឡើងមួយកម្រិតទៀត។
|
គម្រោងអ៊ីនធឺណិតមិត្ដហ្វូនក្នុងសាលារៀន នឹងត្រូវអនុវត្ដរយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំសិក្សា២០១៦ នៅទូទាំងប្រទេស។ មិត្ដហ្វូននឹងផ្ដល់កញ្ចប់សេវាកម្មអ៊ីនធឺណិតនៅតាមសាលារៀនរដ្ឋ មជ្ឈមណ្ឌលគរុកោសល្យ សាកលវិទ្យាល័យ និងការិយាល័យក្រសួងអប់រំ យុវជន និងកីឡា ៥០០០ ទីតាំង ដែលគ្របដណ្ដប់សេវាកម្មអ៊ីនធឺណិតពេញលេញ។ តម្លៃនៃការចំណាយលើគម្រោងអនុវត្ដទាំងមូលនេះ មានតម្លៃស្មើនឹងទឹកប្រាក់ ៥ លានដុល្លារអាមេរិក។
លើវិសាលភាពនៃសេវាកម្មអ៊ីនធឺណិតគ្របដណ្ដប់ធំទូលាយជាងគេ (ទាំងអ៊ីនធឺណិតចល័ត និងអ៊ីនធឺណិតអចល័ត) ប្រកបដោយគុណភាពខ្ពស់បំផុត មិត្ដហ្វូន បង្ហាញនូវភាពជឿជាក់ថា ខ្លួននឹងបង្កើនឱកាសដ៏មានប្រយោជន៍ចំពោះសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូសូម្បីតែនៅតាមតំបន់ដាច់ស្រយាលអាចមានលទ្ធភាពសិក្សាស្រាវជ្រាវពីប្រព័ន្ធអប់រំអន្ដរជាតិ។
|
សកម្មភាពនវានុវត្ដរបស់មិត្ដហ្វូនទាំងនេះ ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខដែលបើកឱកាសដល់យុវជនកម្ពុជាជំនាន់ និងថ្នាក់ដឹកនាំកម្ពុជានាពេលខាងមុខបំពេញនូវសក្ដានុពលរបស់ខ្លួន។ វាជាជំហានចាប់ផ្ដើមនៃការប្រើប្រាស់ចំណេះដឹង និងជំនាញព័ត៌មានវិទ្យា (IT) ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាអប់រំជិត ១ លាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវីធីនេះ ហើយមិត្ដហ្វូនសន្យាផ្ដល់ឱកាសដ៏ធំសម្បើមដល់យុវជនកម្ពុជា។
ជាថ្មីម្ដងទៀត មិត្ដហ្វូនបានបង្ហាញនូវចក្ខុវិស័យដ៏មុតមាំក្នុងការវិនិយោគលើវិស័យអប់រំនៅកម្ពុជាដើម្បីនាំយកបច្ចេកវិទ្យាទំនើបបំផុតរបស់ពិភពលោកមកអភិវឌ្ឍប្រទេសជាតិ ដែលត្រូវបានគាំទ្រ និងទទួលស្គាល់ពីគុណភាពសេវាអស់រយៈពេលជាច្រើនឆ្នាំ៕