ព័ត៌មាន

ក្រុមការងារមិត្ដហ្វូនភ្នំពេញ ចូលរួមសកម្មភាពមនុស្សធម៍នៅខេត្តកំពង់ចាម

17 Aug, 2017

កំពង់ចាម៖ ស្ថិត​ក្នុង​ទឹក​មុខ​ញញឹម​ស្រស់​ស្រាយ​នា​ពេល​ព្រឹក​ព្រលឹម​បំណង​ធ្វើ​ដំណើរ​ទៅកាន់​ខេត្តកំពង់ចាម ក្រុម​ការងារ​មិត្ដហ្វូន​ប្រចាំ​នៅ​ទីស្នាក់​កណ្ដាល រួម​ជាមួយ​នឹង​ក្រុម​ការងារ​ ​ក្រុ​ម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​ «TYDA»​ ​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ប្រជា​ពលរដ្ឋ​ដល់​មូលដ្ឋាននៅ​ក្នុង​ភូមិ​ទួលច័ន្ទ ឃុំ​ច្បារអំពៅ ស្រុក​បាធាយ កាល​ពីថ្ងៃ​អាទិត្យ ទី​១៣ ខែសីហា ឆ្នាំ​២០១៧។  

​នៅក្នុង​​​សកម្មភាព​ដ៏​ថ្លៃ​ថ្លាដើម្បី​គាំទ្រ​អំពើ​មនុស្ស​ធម៌របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ដ​ TYDA យ៉ាង​សស្រាក់​សស្រាំ​ ​ក្រុម​ការងារ​មិត្ដហ្វូន​ទាំង​ពីរ​ការិយាល័យ​បាន​បំពេញ​ភារកិច្ច​ដោយ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ព្រោះ​ប្រាថ្នា​​​ជួយ​លើក​ស្ទួយ​សុខុមាលភាព និង​យល់​អំពី​​ទុក្ខ​ធុរៈរបស់​​ប្រជា​ពលរដ្ឋ​​នៅ​តាម​តំបន់​ដាច់​ស្រយាល​​ ក៏​ដូច​ជា​អតិថិជន​មិត្ដហ្វូន​ទូទាំង​ប្រទេស​។
ដោយ​មិន​បង្អង់​យូរ​ក្រុម​ការងារ​មិត្ដហ្វូន​ពី​រាជ​ធានី​ភ្នំពេញ និង​ក្រុម​ប្រចាំ​ការ​នៅ​មូលដ្ឋាន​នៃខេត្តកំពង់ចាម បាន​ចូលរួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ដ​ជាង ១៦០ នាក់​  ​ក្នុង​ការ​​ចុះ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​សរុប​ចំនួន ៣០៣៦ នាក់​ នេះបើយោង​តាម​គេហទំព័រ​ហ្វេសប៊ុក​ I LOVE TYDA ​​បាន​បង្ហាញ​តួលេខ​អ្នក​ជំងឺ​ដែល​បាន​មក​ទទួល​សេវាកម្ម​ឥត​គិត​ថ្លៃ​នោះ​។
ទោះបីជា​ត្រូវ​ចំណាយ​ទាំង​កម្លាំង​ចិត្ដ កម្លាំង​កាយ និង​ថវិកា​យ៉ាង​ណាក៏ដោយ ក៏​ក្រុមហ៊ុន​ទូរស័ព្ទ​យក្ស​មួយ​នេះ​នៅ​តែ​បន្ដ​សកម្មភាព​ជួយ​ក្រុម​គ្រូ​​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​ «TYDA»​ ដោយ​គ្មាន​ការ​រួញ​រា​ជា​និច្ច​ដរាប​។

យោងតាម​របាយ​ការណ៍​ព័ត៌មាន​របស់​មិត្ដហ្វូន​ បាន​ឲ្យ​ដឹងថា​៖ «ជាមួយ​នឹង​សកម្មភាព​ចុះ​ជួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ជា​ច្រើន​លើក​ច្រើន​សា​នៅ​តាម​តំបន់​ផ្សេង​ៗ​នា​ពេល​កន្លង​មក យើង​នៅ​តែ​បន្ដ​គាំទ្រ​អំពើ​មនុស្ស​ធម៌​នេះ​នៅ​តាម​បណ្ដា​ភូមិ​-​ឃុំ​ដាច់​ស្រយាល​នៃ​ ២៥ ខេត្ដ​-​ក្រុង​ទាំង​អស់ក្នុង​ប្រទេស​កម្ពុជា​»៕ ​