ព័ត៌មាន

មិត្តហ្វូនបង្កើតកម្មវិធី «Munny Care Program» នៅទូទាំងប្រទេសដើម្បីជួយទ្រទ្រង់សិស្សពូកែ និងខ្សត់ខ្សោយជីវភាព

21 Sep, 2018

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនបានបង្កើតនូវកម្មវិធីថ្មីមួយដែលមានឈ្មោះថា «Munny Care Program» ដែលជាកម្មវិធីនិងជាកិច្ចការទំនួលខុសត្រូវមួយរបស់សង្គម។

Munny Care Program គឺជាកម្មវិធីមួយបង្កើតឡើងក្នុងគោលបំណងដើម្បីជួយសិស្សានុសិស្សចាប់តាំងពីកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដែលមានសមត្ថភាពពូកែនិងកំពុងជួបបញ្ហានូវជីវភាពខ្វះខាត និងសម្ភារៈក្នុងការរៀនសូត្រសម្រាប់បវេសនកាលឆ្នាំថ្មី។ នេះគឺជាការបន្តសកម្មភាពថ្មីមួយទៀតរបស់ក្រុមហ៊ុនមិត្តហ្វូនជាមួយនឹងទស្សនៈវិស្ស័យ “អ្នកយកចិត្តទុកដាក់ - និងច្នៃប្រឌិតខ្ពស់” សំដៅទៅលើប្រជាជនដែលកំពុងខ្វះខាតព្រមទាំងតម្រូវការ នៅគ្រប់ទូទាំងកន្លែងនៃប្រទេសកម្ពុជា។

កម្មវិធីនេះបានជួយការគាំទ្រការសិក្សារបស់សិស្សានុសិស្សនិងកាត់បន្ថយការចំណាយមួយចំនួនរបស់ក្រុមគ្រួសាររបស់ពួកគេ និងបានជម្រុញឲ្យអាណាព្យាបាលកាន់តែមានទឹកចិត្តក្នុងការអនុញ្ញាតិឲ្យបុត្រធីតារបស់ពួកគេអាចបន្តការរៀនសូត្រចប់ចុងចប់ដើមបានដោយជោគជ័យផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះសាខាក្រុមហ៊ុនមិត្តហ្វូននៃខេត្តបាត់ដំបង ស្វាយរៀង ស្ទឹងត្រែង និងបន្ទាយមានជ័យ បានចាប់ផ្តើមអនុវត្តន៍កម្មវិធីនេះជាបណ្តើរៗហើយ ហើយបន្តិចទៀតកម្មវិធីនេះនឹងទៅដល់គ្រប់់ភូមិ ឃុំ ស្រុកនៃខេត្តក្រុងទូទាំងប្រទេសកម្ពុជា។

ចំពោះការផ្តល់ជូននូវកម្មវិធីនេះលោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ “តាំងពីមិត្តហ្វូនមានវត្តមាននៅលើទីផ្សារ យើងបានចូលរួមសកម្មភាពកិច្ចការទំនួលខុសត្រូវសង្គមជាច្រើន ហើយនេះគឺជាកម្មវិធីថ្មីមួយទៀតរបស់ក្រុមហ៊ុនដែលបានបន្តបេសកកម្មនិងទស្សនៈវិស្ស័យរបស់យើង។ ការយកចិត្តទុកដាក់និងបារម្ភចំពោះសិស្សានុសិស្សដែលមានសមត្ថភាពគឺជារឿងដែលមិនអាចមើលរំលងបាន ហេតុដូចនេះទើបយើងបង្កើតកម្មវិធីនេះឡើងនៅទូទាំងប្រទេស។”

លោក អាដាំ បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ និងព្រឹត្តិការណ៍នៃក្រុមហ៊ុនមិត្តហ្វូនបានបន្ថែមថាៈ “ការដាក់ឈ្មោះកម្មវិធី «Munny Care Program» នេះគឺធ្វើឡើងតាមរយៈម៉ាស្កុតតំណាងក្រុមហ៊ុនរបស់យើងដែលបានប្រកាសជាផ្លូវការកាលពីខែឧសភាកន្លងទៅ។ យើងជាក្រុមហ៊ុនមិត្តហ្វូន សូមធានារក្សានូវតម្លៃនិងការគាំទ្រដ៏ល្អបំផុតដល់អតិថិជនរបស់យើង ជាពិសេសប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា។”

នៅក្នុងកម្មវិធី Munny Care Program នេះក្រុមហ៊ុនមិត្តហ្វូនក៏បានធ្វើការផ្តល់ជូននូវ កង់មួយគ្រឿង កាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ ទៅដល់សិស្សានុសិស្ស ព្រមទាំងបានធ្វើការលើកទឹកចិត្តពួកគេឲ្យបន្តការសិក្សាដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអានាគត។

តាមរយៈកម្មវិធីនេះក្រុមហ៊ុនមិត្តហ្វូនបានប្រកាសថា ខ្លួនបានចំនាយអស់ប្រមាណ ១០០,០០០ ដុល្លារអាមេរិកដើម្បីចាប់ផ្តើមយុទ្ធនាការមួយនេះនៅទូទាំងប្រទេសកម្ពុជា។       

                                                                        

សម្រាប់សកម្មភាពនិង​កម្មវិធីមួយចំនួនរបស់ Munny Care Progam លោកអ្នកអាចចូលទៅតាមដាននៅលើទំព័រហ្វសប៊ុករបស់មិត្តហ្វូនតាមរយៈ facebook.com/Metfone.closer។