កាលពីពេលថ្មីៗនេះក្រុមហ៊ុនអ៊ីម៉ាន់នី ដែលជាក្រុមហ៊ុនប្រតិបត្តិការធនាគារចល័តទូរស័ព្ទ ដែលមានសេវាដូចជា ផ្ទេរប្រាក់ ទូទាត់វិក័យប័ត្រផ្សេងៗនោះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Pay&Go Sea ដែលជាប្រព័ន្ធ ទូទាត់វិក័យប័ត្រធំមួយនៅប្រទេសកម្ពុជាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើសេវាកម្ម បង់វិក័យប័ត្រ ដើម្បីផ្តល់នៅភាពងាយស្រួលនិងសុវត្ថិភាពខ្ពស់ជូនដល់អតិថិជនរបស់ខ្លួនក្នុងការទូទាត់លើការចំណាយផ្សេងៗ។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើសេវាកម្ម បង់វិក័យប័ត្រជាមួយក្រុមហ៊ុន Pay&GoSea លោកសេងលីអ្នកតំណាងក្រុមហ៊ុនអ៊ីម៉ាន់នីបានមានប្រសាសន៍អោយដឹងថា ដោយសារតែលោកបានឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការទូទាត់លើវិក័យប័ត្រ ផ្សេងៗជាពិសេសការទូទាត់វិក័យប័ត្រថ្លៃភ្លើង ដែលអតិថិជនភាគច្រើនមានការងាររវល់និងមិនមានពេលគ្រប់គ្រាន់ក្នុងការទូទាត់ជាពិសេសការមិនចូលចិត្តក្នុងការធ្វើប្រតិបត្តិការជាមួយធនាគារ ឬ ទៅដល់កន្លែងដោយផ្ទាល់នោះ ដែលវាជា ការខាត់បង់ពេលវេលា និង ត្រូវរង់ចាំយូរ អ៊ីម៉ាន់នីបានខិតខំព្យាយាម ធ្វើយ៉ាងណា ស្វែងរក ការសហការបន្ថែម ដើម្បីពង្រីក នឹងពង្រឹងសេវាកម្មរបស់ខ្លួន អោយកាន់តែប្រសើរឡើង ទុកជាការដោះស្រាយបញ្ហារ ទាំងនោះជូនដល់អតិថិជន របស់ខ្លួន។
មកដល់ពេលនេះអ៊ីម៉ាន់នីបានរកឃើញដៃគូរសហការដែលសាកសមបំផុត ក្នុងការធ្វើការរួមគ្នា លើសេវាកម្មទូទាត់វិក័យប័ត្រថ្លៃភ្លើងនោះគឺPay&GoSea។លោកបានរំពឹងទុកថាក្រោយពីពិធីចុះហត្ថលេខាជាមួយ Pay&Go Sea នេះបានបញ្ចប់ទៅ អតិថិជនរបស់អ៊ីម៉ាន់នីទាំងអស់នឹងកាន់តែមានភាពងាយស្រួល ព្រោះប្រព័ន្ធទូទាត់នឹងអនុញ្ញាតិអោយអតិថិជនរបស់អ៊ីម៉ាន់នីទាំងអស់អាចធ្វើការទូទាត់វិក័យប័ត្រថ្លៃភ្លើងបានដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ ឬចំណាយពេលយូរទៀតឡើយ។
លោកបានបន្ថែមទៀតថាក្រៅពីអតិថិជនអាចបង់វិក័យប័ត្រថ្លៃភ្លើងពួកគាត់ក៏អាចធ្វើប្រតិបត្តិការលើសេវាកម្មផ្សេងៗ ទៀតរបស់អ៊ីម៉ាន់នីបានយ៉ាងងាយស្រួលដែលមានដូចជា ដាក់ប្រាក់ ដកប្រាក់ ទូទាត់ថ្លៃអាហារ ទិញសំបុត្ររថយន្តក្រុង ទូទាត់ការទិញទំនិញ ទូទាត់បំណុល និងបញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទដៃជាដើម ដែលសេវាកម្មទាំងនេះបានជួយសម្រួលដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជនអ៊ីម៉ាន់នីទាំងអស់អោយកាន់តែមានភាពងាយស្រួល ចំណេញទាំងពេលវេលា ចំណេញទាំងថវិការព្រោះថ្លៃទូទាត់មានតំលៃសមរម្យ។
បច្ចុប្បន្នអ៊ីម៉ាន់នីមានភ្នាក់ងាររហូតដល់ទៅជាង៤៥០០កន្លែងនៅទូទាំងប្រទេសកម្ពុជាហើយក៏កំពុងតែព្យាយាមបង្កើនភ្នាក់ងារងោយកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ក៏ដូចជាភាពងាយស្រួលដល់អតិថិជន របស់ក្រុមហ៊ុនដែលជាដៃគូរសហការ។ យើងសង្កេតឃើញថាការបើកឲ្យដំណើរការជាភ្នាក់ងាររបស់អ៊ីម៉ាន់នីនៅទូទាំងប្រទេសកម្ពុជានាពេលនេះវាបាន ឆ្លុះបញ្ចាំង ពីកំណើនជឿទុកចិត្តការគាំទ្រ និង ការរួមចំណែកកាន់តែច្រើនរបស់អ៊ីម៉ាន់នី ជាពិសេស បានរួមចំណែកដល់ការធ្វើសមាហរណកម្ម វិស័យហិរញ្ញវត្ថុឲ្យកាន់តែស៊ីជម្រៅនៅកម្ពុជា។
ជាចុងបញ្ចប់លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាអតិថិជនទាំងអស់របស់អ៊ីម៉ាន់នីដែលបានផ្តល់ទំនុកចិត្តក្នុងការប្រើប្រាស់សេវាកម្មរបស់អ៊ីម៉ាន់នីតាំងពីដើមមកព្រោះបើគ្មានពួកគាត់ទេអ៊ីម៉ាន់នីក៏គ្មានការរីកចំរើនដូចសព្វថ្ងៃនេះដែរហើយលោកនឹងអ្នកព្យាយាមអភិវឌ្ឍន៍សេវេកម្មនេះអោយរឹតតែល្អឡើងដើម្បីជាការឆ្លើយតបទៅនឹងទំនុកចិត្តរបស់អតិថិជន។